នៅលើលោកនេះមានរឿងចៃដន្យជាច្រើន តែជួនកាលមនុស្សយើងបែរជាចាត់ទុកថាជារឿងនិស្ស័យទៅវិញទាំងដែលវាមិនមានកត្តាដែលជំរុញឲ្យកើតឡើងផង។ ទោះជាយ៉ាងណាក៏ដោយ ភាពចៃដន្យខ្លះអាចក្លាយជាការចងចាំម្យ៉ាងដែលមិនអាចបំភ្លេចបានហើយក៏មិនចង់ភ្លេចជារៀងរហូត
វាប្រៀបដូចជាអារម្មណ៍ល្អមួយគ្រា ពេលដែលទទួលហើយក៏មិនចង់បាត់បង់ទៅវិញ ស្របពេលដែលមិនធ្លាប់ជួបប្រទះទាំងពេលមុននឹងពេលបន្ទាប់មកទៀតនោះក្នុងចិត្តកាន់តែសោកស្តាយនឹងអាឡោះអាល័យ ប៉ុន្តែបែរជាមិនអាចបកក្រោយបាន
តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេ? អារម្មណ៍ដែលដិតជាប់នឹងអ្វីមួយតែបែរជាត្រូវបង្ខំចិត្តបោះបង់ចោលទៅវិញទាំងដែលមិនបានតាំងចិត្ត ទីបំផុតបានត្រឹមតែស្តាយស្រណោះប៉ុណ្ណោះ អ្វីដែលអាចធ្វើបានមានតែលួងខ្លួនឯងថាគ្រប់យ៉ាងគឺចប់អស់ហើយ